ភ្នំពេញ៖ 

រថយន្តម៉ាក Lexus មួយគ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចុះទៅឃាត់ដល់យានដ្ឋាន បន្ទាប់ពីកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ និង នាំខ្លួនអ្នកបើកបរមកអធិការដ្ឋានដើម្បីធ្វើកិច្ចសន្យាអប់រំ។ 

តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាធានីភ្នំពេញ លើការងារបង្ក្រាបក្មេងទំនើងនិងស្រាវជ្រាវ ឃាត់មធ្យោបាយ ដែលកែច្នៃ បំពង់ស៊ីម៉ាំងដែលបង្កសំលេងរំខាន ធ្វើអោយបាត់សណ្តាប់ធ្នាប់។

នៅរសៀលថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៥ លោកវរៈសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានចាត់កំលាំងផ្នែកជំនាញនិងប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់រថយន្ត១គ្រឿង ម៉ាក ឡិចស៊ិស ពណ៌ខ្មៅមួយគ្រឿងមានស្លាកលេខភ្នំពេញ2CA-3635 ដែលកែច្នៃ បំពង់ស៊ីម៉ាំងបង្កសំលេងលឺខ្លាំងៗ រំខានដល់បងប្អូនប្រជាពលរដ្ឋ។

កម្លាំងនគរបាល ក៏បានអញ្ជើញម្ចាស់ រួមជាមួយរថយន្ត មកអធិការដ្នាន ដើម្បីអប់រំណែនាំអោយដោះចេញនិងដាក់មកវិញនៅបំពង់ស៊ីម៉ាំងដើមវិញនិងអោយម្ចាស់រថយន្តខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃ បន្តទៀត៕