ភ្នំពេញ៖
បុរសម្នាក់ បានរងរបួសបាក់ភ្លៅ ខណៈពេលដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូរ៉ឺម៉កដឹកទឹកសុទ្ធលក់នៅតាមដងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរ៉ឺម៉កធ្លាក់ចូលស្រែ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០១ ខែធ្នូឆ្នាំ ២០២៥នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះធី វ៉ាន់ ភេទប្រុស អាយុ១៥ ឆ្នាំ មានផ្ទះលំនៅបុរី សែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងរបួសបាក់ភ្លៅឆ្វេង ត្រូវរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ១២៥ ពាក់ស្លាកលេខភ្នំពេញ១KG.៧៦៤១តាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ នៅពេលមកដល់ចំណុចកើតហេតុជាផ្លូវបំបែក ក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកសុទ្ធមួយគ្រឿងខាងលើដែលធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នេះ ម៉ូតូដឹកទឹកសុទ្ធបានជ្រុលទៅធ្លាក់ស្រែ តែពុំបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ ចំណែកអ្នកបើកបរម៉ូតូហុងដាសេ ១២៥ បានរងរបួសបាក់ផ្លូវម្ខាង ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ភាគីទាំងពីរសម្របសម្រួលដោះស្រាយជួយចេញថ្លៃព្យាបាលជនរងគ្រោះ៕
