ភ្នំពេញ៖ 

ទីតាំងស្តុក ចែកចាយផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីជំនាញនិងអាជ្ញធរមូលដ្ឋាន ចុះបង្ក្រាបដោយឃាត់ខ្លួនម្ចាស់ទីតាំងដើម្បីចាត់ការតាមច្បាប់។

តាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល  មន្ត្រី ក.ប.ប និងអាជា្ញធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាបពាក់ព័ន្ធករណីនាំចូល ស្តុកចែកចាយផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយ នៅផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

   ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងជំនាញដកហូតសម្ភារៈវត្ថុតាង រួមមាន៖ផលិតផល ខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន ៧មុខ ផ្សេងទៀត។

ក្រោយពីការឆែកឆេរ លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានសម្រេចឲ្យសមត្ថកិច្ចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី។ 

ក្រោយពីការសាកសួរ និងបញ្ចប់ការងារស៊ើបអង្កេត សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមនីតិវិធី៕