កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២៥ វិស័យសិល្បៈតៃវ៉ាន់ បានបាត់បង់តារាសម្តែងស្រីដ៏ឆ្នើម ពោលគឺ បាប៊ី ហ្សូ (Barbie Hsu) ឬគេស្គាល់ថា សាន់ឆាយ តួអង្គនៅក្នុងរឿង F4 បានស្លាប់ក្នុងវ័យ ៤៨ ឆ្នាំ ដោយសារជំងឺផ្ដាសាយ និងរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។
យ៉ាងណាមិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អ្នកគាំទ្ររឿងភាគដ៏ល្បីល្បាញខាងលើ រំជួលចិត្តនៅពេលដែល ជឺរី យ៉ាន (Jerry Yan) ដែលគេស្គាល់ថាជាតួអង្គ តាវមិញសឺ បានសម្តែងការនឹករលឹកដល់ បាប៊ី ហ្សូ (Barbie Hsu) ដែលជាដៃគូសម្តែង អំឡុងពេលតារាប្រុសរូបនេះសម្តែងនៅលើឆាកប្រគំតន្ត្រីមួយ។
ខណៈពេលនោះ ជឺរី យ៉ាន (Jerry Yan) បានយកខ្សែករូបអាចម៍ផ្កាយ ដែលជាអំណោយរបស់តាវមិញសឺ ជូនទៅ សាន់ឆាយ នៅក្នុងសាច់រឿង យកទៅព្យួរនៅលើកែវយឹត រួចអធិស្ឋានដោយស្ងៀមស្ងាត់ និងបានប៉ះខ្សែកនោះដោយថ្នមៗថែមទៀតផង។ ការបង្ហាញសកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាបញ្ចេញមតិស្រដៀងគ្នាថា «តាវមិញសឺ នៅតែនឹកដល់ សាន់ឆាយ ជានិច្ច» ។
សូមបញ្ជាក់ថា ខ្សែភាពយន្តភាគតៃវ៉ាន់ មេធីអ័រ ហ្កាដឹន (Meteor Garden, F4) មានភាពល្បីល្បាញខ្លាំងអំឡុងឆ្នាំ២០០១ ដោយមានការចូលរួមសម្តែងពី ជឺរី យ៉ាន (Jerry Yan) និង បាប៊ី ហ្សូ (Barbie Hsu) ជាមួយតារាប្រុស ៣ រូបទៀតគឺ វ៉ិក ចូវ (Vic Chou), ខេន ជូ (Ken Chu) និង វ៉ាន់ណេស វូ (Vanness Wu)។ ដ្បិតថា កន្លងមកពួកគេបានបន្តដើរនៅលើវិថីសិល្បៈរៀងៗខ្លួនក៏ដោយ ប៉ុន្តែការសម្តែងរបស់ពួកគេនៅក្នុងរឿងមួយនេះ នៅតែស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រជារៀងរហូត៕
