ភ្នំពេញ៖
នារីម្នាក់ បានបើករថយន្តម៉ាកGAC ជ្រុលទៅបុកនិងម៉ូតូហុងដាឌ្រីមដែលជិះដោយបុរស២នាក់ នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ចំនុចផ្លូវ២៦១កែងផ្លូវ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបាន ឃើញបុរស២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IU 8504 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង ។
លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែនារីវ័យក្មេង២នាក់ រួមទាំង អ្នកបើកបរ បានបើករថយន្តម៉ាក GAC GS4 ពាក់ស្លាកលេខ ភ្នំពេញ 2CH 7008បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៥ទិសដៅពីលិចទៅកើតល្បឿនលឿន ព្រម ទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៍ជ្រុលទៅបុកនិងម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល អូសខ្ទាតជាច្រើនម៉ែត្រ ព្រមទាំងធ្វើឲ្យបុរសនាក់បើកម៉ូតូ របួសបែកក្បាលហូរឈាមសន្លប់ ស្ដូកស្ដឹង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។ ដោយឡែក បុរសអង្គុយខាងក្រោយរងរបួសតិចតួច មិនបានទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែក ខាងរថយន្តវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនគ្រោះ ថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ប្រគល់អោយផ្នែកជំនាញ ចរាចរណ៍ធ្វើការបន្ត។ ករណីនេះមិនអាចដោះស្រាយគ្នាបាន មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះស្រាយ៕
