តាមការរាយការណ៍របស់សារព័ត៌មានបរទេសបានឱ្យដឹងថា «អាយូម៉ិ ហាម៉ាសាគិ» (Ayumi Hamasaki) រាជនី J-POP វ័យ ៤៧ ឆ្នាំរបស់ប្រទេសជប៉ុន បានឡើងសម្តែងនៅលើឆាកតន្ត្រីទាំងគ្មានអ្នកចូលរួមទស្សនា ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡា «អរ៉េនថល ស្ពត សេនធឺ» (Oriental Sports Center) ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

មូលហេតុនៅពីក្រោយការដែលគ្មានទស្សនិកជនមកចូលរួមទស្សនាការប្រគុំតន្ត្រីនេះ ក៏ដោយសារតែអ្នករៀបចំកម្មវិធី បានធ្វើការប្រកាសរំសាយភ្លាមៗ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែវិច្ឆិកា (មុនមួយថ្ងៃនៃការប្រគុំតន្ត្រី)។ 

ដ្បិតថាយ៉ាងនេះក្តី «អាយូម៉ិ ហាម៉ាសាគិ» (Ayumi Hamasaki) នាងនៅតែបន្តការសម្តែងរបស់នាងបានយ៉ាងល្អឥតខ្ចោះ ខណៈពេលដែលកៅអីចំនួន ១៤០០០ កន្លែង នៅសាលប្រគំតន្ត្រីគ្មានអ្នកចូលរួមទស្សនាក៏ដោយ។ បន្ទាប់ពីបញ្ចប់ការសម្តែង នាងក៏បានបង្ហោះសំណេរមួយនៅលើ Instagram រៀបរាប់យ៉ាងដូច្នេះថា វាគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលនាងបានជួបព្រឹត្តិការណ៍បែបនេះ។ នាងក៏បានអរគុណក្រុមការងារទាំងជនជាតិជប៉ុន និងចិន ជាង ២០០ នាក់ផងដែរ ដែលបានដំឡើងឆាកប្រគំតន្ត្រីរបស់នាងឡើងមក។

យ៉ាងណាមិញ បើទោះបីជាព័ត៌មាននេះកំពុងល្បីនៅលើបណ្តាញសង្គមក៏ដោយ ក៏មិនមានព័ត៌មានលម្អិតណាមួយចេញមកបញ្ជាក់បន្ថែម ជុំវិញការលុបចោលការប្រគំតន្ត្រីរបស់ «អាយូម៉ិ ហាម៉ាសាគិ» (Ayumi Hamasaki) នៅឡើយទេ ប៉ុន្តែមហាជនបានធ្វើការកត់សម្គាល់ថា ការសម្តែងរបស់សិល្បករជប៉ុនជាច្រើនរូបទៀត ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន ក៏ត្រូវបានលុបចោលដូចគ្នានេះដែរ។

សូមបញ្ជាក់ថា ការផ្អាកការប្រគំតន្ត្រីរបស់សិល្បករជប៉ុនក្នុងប្រទេសចិននាពេលថ្មីៗនេះ អាចបណ្តាលមកពី លោកស្រី «សាណាអិ ថាកាអ៊ិឈិ» (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការរិះគន់ការឈ្លានពានរបស់យោធាចិនមកលើកោះតៃវ៉ាន់ ដែលលោកស្រីបានធ្វើការអត្ថាធិប្បាយនៅក្នុងសភាកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ៕