សាធារណជន ជាពិសេសអ្នកគាំទ្រវិស័យប្រកួតសម្រស់ បាននិងកំពុងបង្ហាញការសាទរ និងក្តីរំភើបជាខ្លាំង បន្ទាប់ពីបវរកញ្ញាឯកចក្កវាឡប៊ែលហ្ស៊ិក ឆ្នាំ ២០២៥ នាង ខារ៉េន ជេនសិន (Karen Jansen) បានបង្ហោះរូបភាពជាច្រើនសន្លឹក អំឡុងពេលធ្វើដំណើរមកកាន់ទឹកដីអច្ឆរិយនៃកម្ពុជា។ ការឆក់បាននូវទឹកចិត្តអ្នកគាំទ្រកម្ពុជាជាបន្តបន្ទាប់ ក៏ដោយសារតែបវរកញ្ញារូបនេះតែងតែបង្ហោះរូបភាពស្អាតៗដែលខ្លួនបានផ្តិតនៅតាមប្រាង្គប្រាសាទនានា នៅក្នុងខេត្តសៀមរាប យកទៅបង្ហោះលើបណ្តាញសង្គម ទទួលបានការកោតសរសើរយ៉ាងខ្លាំង។ 

ដ្បិតថា ការឈានជើងចូលមកកាន់ប្រទេសកម្ពុជាលើកនេះ គឺជាលើកដំបូងក៏ពិតមែន ប៉ុន្តែ នាង ខារ៉េន ជេនសិន (Karen Jansen) ហាក់ជាប់ចិត្តជាមួយប្រទេសដ៏ស្រស់ស្អាតមួយនេះបាត់ទៅហើយ។ ក្នុងនោះ នាងតែងតែបង្ហោះសំណេរ ភ្ជាប់ជាមួយរូបភាពនៃតំបន់ទេសចរណ៍ល្បីៗរបស់កម្ពុជា ដោយមានខ្លឹមសារជារួមថា កម្ពុជានឹងស្ថិតនៅក្នុងបេះដូងរបស់នាងជានិច្ច កម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាត មានប្រជាជនរួសរាយរាក់ទាក់ និងជាប្រទេសដ៏កក់ក្តៅជាដើម។ 

សូមបញ្ជាក់ដែរថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ខារ៉េន ជេនសិន (Karen Jansen) ម្ចាស់ជ័យលាភីលេខ១ បវរកញ្ញាឯកចក្កវាឡប៊ែលហ្ស៊ិក ឆ្នាំ ២០២៥ បានធ្វើដំណើរទស្សនកិច្ច និង ធ្វើសប្បុរសធម៌ នៅឯសាលាបឋមសិក្សារង្វាន ដែលស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កាលនោះ បវរកញ្ញារូបនេះក៏ទទួលបានការកោតសរសើរមិនតិចនោះដែរ ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅកម្ពុជា៕