ភ្នំពេញ៖
បុរសពីរនាក់ បានរងរបួសធ្ងន់និងស្រាល ខណៈកំពុងតែឈប់រថយន្តប្រមូល សំរាមតាមផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿង ម៉ាក LEXUS LX470 បើកបរដោយបុរសម្នាក់ ទៅបុកពីក្រោយពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ១២:៣០យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិត នៅ តាមបណ្តោយ ផ្លូវ ជាតិ លេខ ៥ ក្នុង សង្កាត់ ព្រែក ព្នៅ ខណ្ឌ ព្រែក ព្នៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus LX470 ពណ៌ស មួយគ្រឿងពាក់ ផ្លាសលេខ ភ្នំពេញ 2AS-7847 បើកបរដោយ បុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីរជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតជ្រុលទៅបុករថយន្តប្រមូលសំរាម តាមដងផ្លូវ បណ្តាលឲ្យបុរស២នាក់ជាកម្មករប្រមូលសំរាម រងរបួសធ្ងន់និងស្រាលត្រូវ បានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តបង្កវិញត្រូវសមត្ថកិច្ច ឃាត់បាននៅហ្នឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរក្រុងចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕
