ការប្រកួត Miss Cosmo រដូវកាលទី២ បានឈានមកដល់ពាក់កណ្តាលទីហើយ ស្របពេលដែលបេក្ខនារីតំណាងប្រទេសមកពីជុំវិញពិភពលោកជាង ៨០ ប្រទេស បាននិងកំពុងប្រកួតយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមមកុដពីកម្មវិធីនេះ។ ក្នុងនោះ ផន ស្រីពី ដែលជាបេក្ខនារីតំណាងឱ្យកម្ពុជា ក៏បានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពយ៉ាងពេញទំហឹងផងដែរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្តាអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីបានបញ្ចេញសមត្ថភាពតាមរយៈការដើរឈុតតំណាងជាតិ និងឈុតហែលទឹកជាដើម។ ដ្បិតថាយ៉ាងនេះក្តី ស្រីពី បានបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្តនៅលើបណ្តាញសង្គមរបស់នាង ពីការបញ្ចេញមតិរិះគន់របស់មហាជនមួយចំនួន ទៅលើរូបរាងមិនស័ក្តិសមជាបវរកញ្ញា និងមតិរិះគន់ផ្សេងៗទៀតផងដែរ។ បន្ទាប់ពីឃើញការរិះគន់ទាំងនោះ ស្រាប់តែបវរកញ្ញារូបនេះ បង្ហោះសារមួយរៀបរាប់រឿងក្នុងចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំប្រហែលជាមិនសូវមានការគាំទ្រច្រើនពីផ្ទះរបស់ខ្ញុំទេ ប៉ុន្តែក្នុងនាមជាអ្នកតំណាងម្នាក់ ខ្ញុំមិនដែលបោះបង់ចោលឡើយ បើទោះបីជានៅសល់មនុស្សតែម្នាក់គាំទ្រខ្ញុំក៏ដោយ ខ្ញុំក៏នៅតែបន្តដើរទៅមុខដោយឆន្ទ:ជាខ្មែរ រាល់ព្រឹកខ្ញុំតែងតែក្រោកឡើងជាមួយឆៀងកម្ពុជាដែលស្ថិតនៅលើបេះដូង ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំគឺ «កម្ពុជា» ខ្ញុំនៅទីនេះដើម្បីធ្វើជាសំឡេង ដើម្បីបង្ហាញពិភពលោកនូវព្រលឹងជាតិ វប្បធ៌មដ៏ស្រស់ស្អាតរបស់យើង ចំពោះអ្នកដែលឈរជាមួយខ្ញុំ សូមអរគុណចំពោះកម្លាំងរបស់អ្នក យើងឆ្ពោះទៅមុខជាមួយគ្នា ខ្ញុំនឹងធ្វើឱ្យអ្នកមានមោទនភាពកម្ពុជា»។

យ៉ាងណាមិញ ក្រោយពេលបង្ហោះសារបែបនេះភ្លាម ស្រាប់តែមានបងប្អូនសិល្បករ សិល្បការិនី រួមទាំងអ្នកគាំទ្រជាច្រើន បានផ្ញើសារលើកទឹកចិត្តនាងផងដែរ ជាពិសេស កញ្ញា អ៊ិន លក្ខិណា និង ហ្វីយ៉ាតា បានផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេងទៅកាន់ ផន ស្រីពី ដែលកំពុងប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Cosmo 2025៕