ផលិតកម្មបារមី បានដឹកនាំក្រុមចម្រៀងរបស់ខ្លួនចំនួនប្រាំរូប រួមមាន វណ្ណដា, វណ្ណថាន, នរិទ្ធ, រ៉េត ស៊ូហ្សាណា និងយូហៃ ទៅកាន់ឆាកប្រគំតន្ត្រី «The Rise for Khmer» នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមការផ្តួចផ្តើមពី កញ្ញា ឡូរ៉ា ម៉ម CEO ផលិតកម្មបារមី និង លោក ថោង ដារ៉ា ប្រធានក្រុមហ៊ុនផលិតកម្ម Sabay Sabay Dara។ បន្ថែមពីនេះ កម្មវិធីប្រគំតន្ត្រីខាងលើ ក៏មានការគាំទ្រផងដែរពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សមាគមសិល្បករខ្មែរ។ យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ក្រុមសិល្បករ នៅសាលប្រគំតន្ត្រី Salle Pleyel កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ មានការចូលរួមពីយ៉ាងច្រើនកុះករពីបងប្អូនខ្មែរបារាំងមកពីទីជិតទីឆ្ងាយ ដែលរស់នៅទីនោះផ្ទាល់។ លើលពីការប្រគំតន្ត្រី «The Rise for Khmer» គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ ហើយក៏ជាបេសកកម្មមនុស្សធម៌ និងសង្គម ដោយការប្រគំតន្ត្រីនេះ មានគោលបំណងចម្បងដើម្បីរៃអង្គាសថវិកា ជួយដល់បងប្អូនជនភៀសសឹក ពីសង្គ្រាមខ្មែរថៃ។ 

សូមបញ្ជាក់ថា វត្តមានរបស់តារារ៉េប លោក វណ្ណដា នៅលើឆាកប្រគំតន្ត្រីក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មិនមែនជាលើកទីមួយនោះទេ ដែលកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោកត្រូវបាន គណៈកម្មការកីឡាអូឡាំពិកប៉ារីស ២០២៤ នៅប្រទេសបារាំង បានផ្តល់ឱកាសឲ្យឡើងច្រៀងនៅលើឆាក ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី ៣៣ ដែលមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក៕