កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាមសុង (Samsung Medical Center) បានចេញសេចក្តីថ្លែងការណ៍មួយថា តារាចម្រៀងប្រុសអាយុ ២២ ឆ្នាំ សាន់អ៊ូ (SUNOO) បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន (ប្រមាណជាង ៣ ម៉ឺនដុល្លារ) នៅក្នុងគម្រោងរបស់មជ្ឈមណ្ឌលនេះ សម្រាប់ទុកប្រើប្រាស់ទៅលើការព្យាបាលកុមារ និងក្មេងវ័យជំទង់ ដែលកំពុងប្រឈមនូវជំងឺផ្លូវអារម្មណ៍ និងផ្លូវចិត្ត។ ការចូលរួមនៅក្នុងគម្រោងនេះ ក៏ព្រោះតែតារាប្រុសរូបនេះ ចង់កាត់បន្ថយភាពតានតឹង និងការថប់បារម្ភរបស់ពួកគេ មុនពេលចូលវះកាត់។ ក្រៅពីនេះ ថវិកាដែលលោកបានបរិច្ចាគ ក៏អាចជួយឱ្យអ្នកជំងឺវ័យទាំងនោះ ទទួលបានអារម្មណ៍កក់ក្តៅ និងការព្យាបាលក្នុងបរិយាកាសដែលមានស្ថេរភាពថែមទៀតផង។
ក្រោយការបរិច្ចាគ សាន់អ៊ូ (SUNOO) បានសម្តែងការដឹងគុណចំពោះក្តីស្រឡាញ់ និងការគាំទ្រពី អេនជេន (ENGENE) (ឈ្មោះអ្នកគាំទ្រ) ដែលអនុញ្ញាតឱ្យលោកបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយនេះ។ សាន់អ៊ូ (SUNOO) បានឱ្យដឹងថា ការចែករំលែកក្តីស្រឡាញ់ដែលលោកទទួលបានពីអ្នកគាំទ្រ ដ្បិតថាបន្តិចបន្តួចក្តី ក៏លោកសង្ឃឹមថាវាអាចក្លាយជាប្រភពនៃក្តីសង្ឃឹមដ៏កក់ក្តៅសម្រាប់កុមារ ដែលកំពុងសម្រាកព្យាបាលក្នុងអំឡុងពេលអាកាសធាតុត្រជាក់នេះ។
សូមបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន សាន់អ៊ូ (SUNOO) ក៏បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុនដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាមសុង (Samsung Medical Center) ផងដែរ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកជំងឺដែលខ្វះលទ្ធភាពទទួលបានការព្យាបាលដោយសារផ្នែកហិរញ្ញវត្ថុ៕
