កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Cosmo ទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះទេ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់ជ័យលាភីក៏បានរកឃើញផងដែរ គឺបានទៅលើ យ៉ូលីណា លីនឃ្វីស (Yolina Lindquist) បវរកញ្ញាមកពីសហរដ្ឋអាមេរិក។ ដោយឡែក កញ្ញា ផន ស្រីពី បវរកញ្ញាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចគ្នា គឺទទួលបាន Top 21 ក្នុងចំណោមបវរកញ្ញា ៧១ នាក់ មកពីជុំវិញពិភពលោក។ ដ្បិតថាបញ្ចប់ត្រឹមតំណែង Top 21 ក៏ពិតមែន ប៉ុន្តែ ស្រីពី បង្ហាញអារម្មណ៍រំភើប ជាមួយនឹងមោទកភាពចំពោះលទ្ធផលមួយនេះ។
បវរកញ្ញារូបនេះរៀបរាប់អារម្មណ៍នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមអរគុណពុក ម៉ែបងប្អូនទាំងអស់គ្នា ដែលបានចូលរួមគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក បើទោះបីជាក្នុងគ្រាដ៏លំបាកនេះយ៉ាងណាក៏ដោយ នាងខ្ញុំពិតជាអរគុណ»។ នាងបន្តថា៖ «នាងខ្ញុំមាន មោទនភាព និង រីករាយ ក្នុងតំណែងជា TOP 21 Miss Cosmo 2025 ព្រោះគ្រប់ពេលដែលនាងខ្ញុំឈានជេីង ចូលរួមក្នុងការប្រកួត នាងខ្ញុំតែងតែទទួលស្គាល់នូវ លទ្ធផល នៃការ សម្រេច ចិត្តរបស់ កម្មវិធី ហេីយនាងខ្ញុំ ជឿជាក់ ថា បងប្អូន អ្នកគាំទ្រ កម្ពុជាទាំងអស់ គ្នានឹងរីករាយជាមួយ តំណែងមួយនេះ ជាមួយនាងខ្ញុំ »។
យ៉ាងណាមិញ ក្រោយ ផន ស្រីពី បង្ហោះសំណេរទាំងនេះនៅលើបណ្តាញសង្គមរួចមក មានមហាជនអ្នកគាំទ្រជាច្រើន បានសម្តែងការសាទរចំពោះលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរបស់នាងមួយនេះ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនបេក្ខនារីទៅចូលរួមប្រកួតនៅលើវេទិកាប្រកួតសម្រស់អន្តរជាតិ Miss Cosmo ចំនួនពីរដងរួចមកហើយ ដោយក្នុងនោះលទ្ធផលដែលទទួលបានមកវិញសុទ្ធតែចូលទៅកាន់តំណែងកំពូលផ្ទួនៗគ្នាតែម្តង រួមមាន កញ្ញា អ៊ិន លក្ខិណា តំណាងនៅក្នុងឆ្នាំ២០២៤ ទទួលបានតំណែង Top 10 និង កញ្ញា ផន ស្រីពី តំណាងនៅក្នុងឆ្នាំ២០២៥ ទទួលបានតំណែង Top 21៕
