ការប្រកួតកម្មវិធីសម្រស់លំដាប់ពិភពលោក Miss Charm បានបញ្ចប់ទៅហើយដោយជោគជ័យ កាលពីរាត្រីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់មកុដបានទៅលើ កញ្ញា «អេនណា ប្ល៊ែនកូ» (Anna Blanco) មកពីប្រទេសវេណេហ្ស៊ុយអេឡា។ យ៉ាងណាមិញ បវរកញ្ញាតំណាងប្រទេស កញ្ញា ដេត ស្រីនាឌ ក៏បានបំពេញមុខមាត់កម្ពុជាបានយ៉ាងល្អឥតខ្ចោះផងដែរ ខណៈពេលដែលបវរកញ្ញារូបនេះ ទទួលបានតំណែងកំពូល Top 20 ពីកម្មវិធីអន្តរជាតិមួយនេះ។ មិនតែប៉ុណ្ណោះ ស្រីនាឌ ថែមទាំងទទួលបានពានរង្វាន់កិត្តិយស Best In Social ថែមទៀតផង។ 

ដ្បិតថា ដេត ស្រីនាឌ ទទួលបានត្រឹម Top 20 ក្តី ប៉ុន្តែមហាជនអ្នកគាំទ្រនៅក្នុងវិស័យប្រកួតសម្រស់ នាំគ្នាបង្ហាញនូវការសាទរចំពោះនាង ក៏ព្រោះតែនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ដែលបវរកញ្ញារូបនេះ អាចបំបែកកំណត់ត្រាចូលទៅកាន់ Top កំពូលជាលើកដំបូងជូនមាតុភូមិជាទីមោទនៈ។

ក្រឡេកមកចាប់អារម្មណ៍ស្រីស្អាតរូបនេះវិញ បន្ទាប់ពីបញ្ចប់បេសសកម្មរបស់ខ្លួន នាងបានបង្ហោះសារមួយនៅលើបណ្តាញសង្គម ជាមួយអារម្មណ៍រំភើបរីករាយសម្រាប់ការទទួលបាននូវតំណែងខាងលើ ព្រមទាំងបានអរគុណទៅកាន់បណ្តាអ្នកគាំទ្ររបស់ខ្លួនដែលតែងតែផ្តល់ភាពកក់ក្តៅ ការគាំទ្រ និងកម្លាំងចិត្តយ៉ាងធំធេងចំពោះនាងផងដែរ។ ស្រីនាឌ ក៏បានអរគុណទៅកាន់ក្រុមការងារ ដែលបានជួយជ្រោមជ្រែង និងជាអ្នកនៅពីក្រោយភាពជោគជ័យរបស់នាងផងដែរ។

គួររំលឹកដែរថា នេះគឺឆ្នាំទី២ហើយ ដែលកម្ពុជាបានបញ្ជូនបវរកញ្ញាទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Charm ក្នុងនោះរួមមាន កញ្ញា ប៊ី សុធារី ចេញទៅប្រកួតនៅឆ្នាំ ២០២៣ និង កញ្ញា ដេត ស្រីនាឌ ចេញទៅប្រកួតនៅឆ្នាំ ២០២៥៕