បាត់ដំបង៖ 

យ៉ាងហោចណាស់បុរសជាអ្នកបើកបរម៉ូតូរ៉ឺម៉កម្នាក់បានស្លាប់ភ្លាមៗ និង០៣នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌ស សណ្តោងរ៉ឺម៉ក០១គ្រឿង បើកបរដោយឈ្មោះ យ៉ែម សារុន ភេទប្រុស អាយុ៤៦ឆ្នាំ ដឹកសម្ភារៈប្រើប្រាស់លក់ដូរនៅតាមដងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាកTOYOTA Prius ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BM-9486 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាជនជាតិវៀតណាម០៥នាក់ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយ អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តប៉ើងក្រឡាប់ផ្ងារជើងអោយមនុស្ស០៦នាក់រងរបួសធ្ងន់ស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូរ៉ឺម៉កត្រូវបានវាស់វែងធ្វើកំណត់ហេតុស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕