តុលាការកំពូលសហរដ្ឋអាមេរិកបានច្រានចោលការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងឈីកាហ្គោ ខណៈដែលប្រធានាធិបតីសាធារណរដ្ឋរូបនេះ កំពុងពង្រីកការប្រើប្រាស់កម្លាំងយោធានៅក្នុងតំបន់ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើងៗ ដើម្បីដាក់ទណ្ឌកម្មលើគូប្រជែង និងបង្ក្រាបការប្រឆាំង។ កងកម្លាំងឆ្មាំជាតិ បម្រើការជាកងកម្លាំងជីវពលរបស់រដ្ឋ ដែលឆ្លើយតបទៅនឹងអភិបាលរដ្ឋ លើកលែងតែពេលដែលលោកប្រធានាធិបតី ហៅឲ្យចូលបម្រើការងារសហព័ន្ធ។ លោកប្រធានាធិបតី Trump បានបញ្ជាដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុងឈីកាហ្គោ ដែលជាទីក្រុងធំទីបីរបស់សហរដ្ឋអាមេរិក និងទៅកាន់ទីក្រុង ផតលេន ទីក្រុង អូរីហ្គន បន្ទាប់ពីការដាក់ពង្រាយពីមុនរបស់លោក ទៅកាន់ទីក្រុង ឡូស អែនជឺឡែស ម៉េមហ្វីស និង វ៉ាស៊ីនតោន។ លោកប្រធានាធិបតី ត្រាំ និងសម្ព័ន្ធមិត្តរបស់លោក បានលើកឡើងថា ទីក្រុងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យទាំងនេះ គ្មានច្បាប់ ពោរពេញដោយអំពើឧក្រិដ្ឋកម្ម និងត្រូវបានញាំញីដោយការតវ៉ា និងហិង្សា ហើយកងទ័ពទាំងនេះ ត្រូវបានដាក់ពង្រាយដើម្បីការពារទ្រព្យសម្បត្តិ និងបុគ្គលិកសហព័ន្ធ។