កាលពីរសៀលថ្ងៃពុធ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ អគ្គិភ័យដ៏គួរឱ្យតក់ស្លុតមួយ បានលេបត្របាក់អគារអាផាតធឺមិន Wang Fuk Court កម្ពស់ ៣២ ជាន់ សរុប ៨ ខ្នង នៅតំបន់ Tai Po ភាគខាងជើងនៃក្រុងហុងកុង ប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨ នាក់ និង ២០០ នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ ក្រោយគ្រោះអគ្គិភ័យ តារាចម្រៀង និងសម្តែង ដ៏មានប្រជាប្រិយភាព «វ៉ាង អ៊ីបូ» (Wang Yibo) បានបរិច្ចាគទឹកប្រាក់ចំនួន ១ លានយ័ន តាមរយៈមូលនិធិ Han Hong Love Charity Foundation ដើម្បីគាំទ្រទង្វើមនុស្សធម៌ ក្នុងការជួយសង្គ្រោះជនរងគ្រោះដែលបានជួបប្រទះហេតុការណ៍គ្រោះអគ្គិភ័យដ៏អាក្រក់បំផុតមួយនេះ។
ទឹកប្រាក់ដែលតារាប្រុសខាងលើបានធ្វើការបរិច្ចាគ នឹងយកទៅប្រើប្រាស់ផ្គត់ផ្គង់ទៅលើការស្នាក់នៅបណ្តោះអាសន្ន និងថ្លៃចំណាយផ្សេងៗ។ នេះបើយោងតាមការឱ្យដឹងពីមូលនិធិ «ហានហុង» (Han Hong) ដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo។
យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងនោះទេ ដែល «វ៉ាង អ៊ីបូ» (Wang Yibo) ចូលរួមកិច្ចការងារសង្គម និងកម្មវិធីសប្បុរសធម៌ ពោលគឺជានិច្ចជាកាល តារាប្រុសរូបនេះ តែងតែបរិច្ចាគជាថវិកា និងចូលរួមជាអាសាស្ម័គ្រ នៅក្នុងបេសកកម្ម ជួយដល់ជនរងគ្រោះ ពីគ្រោះធម្មជាតិ ឬការជួយតាមរយៈរូបភាពផ្សេងៗទៀតផងដែរ៕
