លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបដទៃទៀត បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបាន លើការចរចាសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី ហ្សេលេនស្គី បានថ្លែងបញ្ជាក់ថា លោក និងលោកប្រធានាធិបតី ត្រាំ សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងការចរចា និងបានឯកភាពគ្នាថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីបន្តចរចាលើបញ្ហានានា ខណៈដែលមេដឹកនាំទាំងពីរ ត្រាំ និង ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បញ្ហាតំបន់ ដុនបាស់ នៅតែជាចំណុចខ្ទាស់យ៉ាងសំខាន់មួយ ហើយមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ទន្ទឹមនឹងនេះ ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី អ៊ូសាខូហ្វ ក៏បានបញ្ជាក់ថា កិច្ចសន្ទនាតាមទូរសព្ទ័រវាងលោកប្រធានាធិបតី ពូទីន និង ត្រាំ ដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព តែបានច្រានចោលបទឈប់បាញ់រយៈពេល 60 ថ្ងៃដែលស្នើឡើងដោយសហភាពអឺរ៉ុប និងអ៊ុយក្រែន ដែលថាសកម្មភាពនេះ នឹងអូសបន្លាយសង្គ្រាម។ លោក យូរី អ៊ូសាខូហ្វ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវធ្វើការសម្រេចចិត្តទាក់ទងនឹងតំបន់ដុនបាស «ដោយមិនមានការពន្យារពេលបន្ថែមទៀត»។