មហាជនអ្នកគាំទ្រមានការរំភើបយ៉ាងខ្លាំង នៅពេលដែលមានព័ត៌មានចចាមអារ៉ាមមួយលេចលឺមកថា ខ្សែភាពយន្តភាគបុរាណចិន ដែលមានចំណងជើងថា «ដឹ រ៉ូត ធូ គ្លូរី» (The Road To Glory) នឹងមានការចូលរួមសម្តែងដោយ «ចាង លីងហឺ» (Zhang Linghe) និង «ជូ ជីងអ៊ី» (Ju Jingyi)។
យ៉ាងណាមិញ មុនព័ត៌មានចចាមអារ៉ាមបែកធ្លាយ រឿងភាគ «ដឹ រ៉ូត ធូ គ្លូរី» (The Road To Glory) ត្រូវបានជ្រើសរើសតួសម្តែងរួចរាល់ហើយរួមមាន «ចាង លីងហឺ» (Zhang Linghe) និង «ជែលលី លីន» (Jelly Lin)។ ដោយឡែក ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីការប្រកាស ស្រាប់តែមានលេចចេញព័ត៌មានថ្មីមួយទៀតថា មានការផ្លាស់ប្តូរតួឯកស្រី «ជែលលី លីន» (Jelly Lin) ទៅជា «ជូ ជីងអ៊ី» (Ju Jingyi) វិញ។ ដ្បិតថាយ៉ាងនេះក្តី គេនៅមិនទាន់មានការអះអាងជាផ្លូវការនៅឡើយទេ ថាតួឯកស្រីគឺជាអ្នកណាឱ្យប្រាកដ ខណៈពេលដែលរឿងភាគបុរាណចិនមួួយនេះ នឹងធ្វើការបើកកាមេរ៉ាថតនៅដើមឆ្នាំ២០២៦នេះហើយ។
សូមបញ្ជាក់ថា «ចាង លីងហឺ» (Zhang Linghe) និង «ជូ ជីងអ៊ី» (Ju Jingyi) មិនធ្លាប់សម្តែងរួមគ្នានៅក្នុងរឿងភាគពីមុនមកទេ។ ជាមួយគ្នានេះ ការផ្ទុះព័ត៌មានចចាមអារ៉ាមពីការសម្តែងរួមគ្នាជាលើកដំបូងរបស់តួឯកប្រុសស្រីខាងលើ បាននិងកំពុងធ្វើឱ្យអ្នកគាំទ្រមានការអន្ទះសារជាខ្លាំង ហើយពួកអ្នកគាំទ្រទាំងនោះក៏រំពឹងដែរថា ព័ត៌មានចចាមអារ៉ាមនេះ នឹងក្លាយជាការពិត៕
