ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 14 នាក់ និង 17 នាក់ទៀតរងរបួស ខណៈដែលយោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះ ក៏បានសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស 2 រូបផងដែរ។ យោងតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមអាកាសនេះ ធ្វើឡើងឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សា ទៅកាន់តំបន់មួយទៀតក្នុងទីក្រុងហ្គាហ្សា ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី10 ខែតុលា ឆ្នាំ2025 មក ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងដល់ 440 នាក់ និង 1223 នាក់ទៀតរងរបួស ដែលជំរុញឲ្យចំនួនមនុស្សស្លាប់សរុបនៅទូទាំងតំបន់ហ្គាហ្សាចាប់តាំងពីសង្រ្គាមរវាងអីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើង កើនឡើងដល់ប្រមាណ 71.410 នាក់ និងជាង 171.300 នាក់ទៀតរងរបួស។