ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានផ្តល់ការអនុម័តចុងក្រោយ និងពេញលេញចំពោះការហាមឃាត់ការនាំចូលបំពង់បង្ហូរឧស្ម័ន និងឧស្ម័នធម្មជាតិរាវ របស់រុស្ស៊ីចូលទៅក្នុងសហភាពអឺរ៉ុប ចាប់ពីខែមករា ឆ្នាំ 2027 ខាងមុខ។ ការហាមឃាត់ការនាំចូលបំពង់បង្ហូរឧស្ម័ន និងឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី នឹងចូលជាធរមាន 6 សប្តាហ៍ បន្ទាប់ពីបទប្បញ្ញត្តិចូលជាធរមាន ខណៈដែលកិច្ចសន្យាដែលមានស្រាប់ នឹងត្រូវបានផ្តល់រយៈពេលអន្តរកាលដើម្បីបញ្ចប់។ ជាមួយគ្នានេះ មុនពេលអនុញ្ញាតឲ្យមានការនាំចូលឧស្ម័នចូលទៅក្នុងសហភាពអឺរ៉ុប អាជ្ញាធរជាតិ ក៏នឹងត្រូវផ្ទៀងផ្ទាត់ប្រទេស ដែលផលិតឧស្ម័ន ដែលជាវិធានការមួយមានគោលបំណងការពារការគេចវេះណាមួយ ខណៈដែលបទប្បញ្ញត្តិនេះ នឹងធ្វើការពិន័យយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពានណាមួយ រួមទាំងការពិន័យជាទឹកប្រាក់យ៉ាងហោចណាស់ 2.5 លានអឺរ៉ូ ឬស្មើនឹងប្រមាណជិត 3 លានដុល្លារអាមេរិក សម្រាប់បុគ្គល និងសម្រាប់ការពិន័យសម្រាប់ក្រុមហ៊ុនក្នុងទឹកប្រាក់ដល់ទៅ 40 លានអឺរ៉ូ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសសហភាពអឺរ៉ុប ត្រូវតែដាក់ស្នើផែនការធ្វើពិពិធកម្មជាតិត្រឹមថ្ងៃទី 1 ខែមីនា ឆ្នាំ 2026 ខាងមុខ និងកំណត់បញ្ហាប្រឈមក្នុងការជំនួសឧស្ម័នរុស្ស៊ីដែលនៅសេសសល់។