ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ូអេឡា លោកស្រី ឌែលស៊ី រូឌ្រីហ្កែស បានថ្លែងបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ប្រទេសវេណេស៊ូអេឡា ទទួលបានប្រាក់ចំនួន 300 លានដុល្លារពីការលក់ប្រេង ជាប្រាក់ចំណូលដំបូងពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងចំនួន 50 លានបារ៉ែលរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រទេសវេណេស៊ូអេឡា បន្ទាប់ពីការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា  អាមេរិកបានយកប្រេងចំនួន 50 លានបារ៉ែលចេញពីប្រទេសវេណេស៊ូអេឡា ហើយកំពុងលក់នៅលើទីផ្សារដោយបើកចំហ។ គួរបញ្ជាក់ផងដែរថា ធនាគារប្រទេសវេណេស៊ូអេឡាចំនួន 4 ត្រូវបានជូនដំណឹងដោយរដ្ឋាភិបាលរបស់ប្រទេសនេះថា ពួកគេនឹងបែងចែកប្រាក់ចំណូលប្រេងចំនួន 300 លានដុល្លារនេះ  ដាក់ទៅក្នុងគណនីធនគារមួយនៅក្នុងប្រទេសកាតា ដែលអាចឲ្យពួកគេលក់ប្រាក់ដុល្លារទៅឲ្យក្រុមហ៊ុនវេណេស៊ូអេឡា ដែលត្រូវការប្តូរប្រាក់បរទេស ដើម្បីទូទាត់សម្រាប់វត្ថុធាតុដើម។