កងកម្លាំងសន្តិសុខប្រទេសហ្គាតេម៉ាឡា កំពុងធ្វើប្រតិបត្តិការឆ្លើយតប ដើម្បីដណ្តើមគ្រប់គ្រងពន្ធនាគារចំនួន 3 មកវិញ បន្ទាប់ពីក្រុមអ្នកទោស បានចាប់មនុស្សយ៉ាងហោចណាស់ 46 នាក់ធ្វើជាចំណាប់ខ្មាំង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ គឺលោក ម៉ាកូ អែនតូនីញ៉ូ វីលីដា បាននិយាយថា កុបកម្ម បានផ្ទុះឡើងនៅទូទាំងពន្ធនាគារទាំងបីរបស់ប្រទេសហ្គាតេម៉ាឡា ដោយក្រុមឧក្រិដ្ឋជន បារីអូ 18 (Barrio 18) ដែលមេដឹកនាំរបស់ពួកគេ កំពុងទាមទារការផ្ទេរទៅកាន់ទីតាំងពន្ធនាគារមួយផ្សេងទៀត ដែលមានលក្ខខណ្ឌល្អប្រសើរ ខណៈដែលលោកបានបញ្ជាក់ថា លោកនឹងមិនធ្វើការចរចារ ជាមួយក្រុមភេរវករទាំងនេះ ឬផ្តល់សិទ្ធពិសេសណាមួយដល់ពួកគេនោះទេ។ គួរបញ្ជាក់ផងដែរថា ចំណាប់ខ្មាំងភាគច្រើនដែលត្រូវបានចាប់ខ្លួន រួមមានឆ្មាំសន្តិសុខ និងគ្រូពេទ្យចិត្តសាស្រ្ត ខណៈដែលរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីការស្លាប់ ឬរងរបួសនោះទេ។