ថ្លែងក្នុងសុន្ទរកថាឆ្នាំថ្មី លោកប្រធានាធិបតីប្រទេសបារាំង អ៊ែម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ថា មេដឹកនាំអឺរ៉ុប ដែលគ្រោងជួបគ្នានៅក្នុងទីក្រុងប៉ារីសនាថ្ងៃទី 6 ខែមករាខាងមុខ នឹងធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការការពារប្រទេសអ៊ុយក្រែន ប្រសិនពីកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី ត្រូវបានឈានដល់។ លោកប្រធានាធិបតី ម៉ាក្រុង បានបន្ថែមថា "នៅថ្ងៃទី 6 ខែមករា ក្នុងទីក្រុងប៉ារីស រដ្ឋ និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើន នឹងធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីការពារប្រទេសអ៊ុយក្រែន និងធានាសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងសម្រាប់ទ្វីបអឺរ៉ុបរបស់យើង"។គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំ ដែលហៅថា 'សម្ព័ន្ធឆន្ទៈ' ដែលចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង នឹងមានការចូលរួមពីប្រមាណ 30 ប្រទេសផ្សេងទៀត។
