ចាប់តាំងពីសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល ផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 71.700 នាក់ហើយ ខណៈដែលអ្នករងរបួសកើនឡើងដល់ 171.400 នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ មន្ទីរពេទ្យនានានៅតំបន់ហ្គាហ្សា បានទទួលសាកសពមនុស្សបន្ថែមចំនួន 3 និងអ្នករងរបួសថ្មីចំនួន 18 នាក់ ខណៈដែលគិតចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2025 ការបន្តវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សប្រមាណ 500 នាក់ និងជាង 1300 នាក់ទៀតរងរបួស។ ជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីន កំពុងដាក់ក្តីសង្ឃឹមលើគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្គាហ្សា ដែលទើបបង្កើតឡើងថ្មី ដោយជឿជាក់ថាស្ថាប័ននេះ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយទុក្ខវេទនា និងកែលម្អស្ថានភាពរស់នៅរបស់ប្រជាជននៅទូទាំងតំបន់ហ្គាហ្សា ចំពេលមានវិបត្តិមនុស្សធម៌កើនឡើង។
