សហរដ្ឋអាមេរិកនឹងដាក់ពន្ធ 10 ភាគរយបន្ថែមលើទំនិញទាំងអស់មកពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ ជុំវិញបញ្ហាកោះហ្គ្រីនឡែន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែកុម្ភៈខាងមុខនេះ។ នៅក្នុងសារបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី ត្រាំ បានព្រមានថា ពន្ធទាំងនោះ អាចនឹងកើនឡើងដល់ 25 ភាគរយនៅថ្ងៃទី 1 ខែមិថុនាខាងមុខ ហើយនឹងបន្តរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញកោះហ្គ្រីនឡែន។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ត្រាំ នេះ ធ្វើឡើង បន្ទាប់ពីសមាជិកអង្គការណាតូជាច្រើន រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានប្រឆាំងនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការទិញកោះហ្គ្រីនឡែន ក៏ដូចជាការបញ្ជូនកងទ័ព និងគ្រឿងសព្វាវធុទៅកាន់តំបន់អាកទិក។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានអះអាងម្តងហើយម្តងទៀតថា អាមេរិក ត្រូវតែគ្រប់គ្រងកោះហ្គ្រីនឡែននេះ មិនថាដោយការទិញ ឬប្រើប្រាស់កម្លាំងនោះទេ ក្រោមមូលហេតុដើម្បីការពារសន្តិសុខជាតិរបស់អាមេរិក។