ឆ្លើយតបទៅនឹងវិធានការណ៍ពន្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រទេសអឺរ៉ុបចំនួន 8 ដែលរួមមាន ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស ដែលជាប្រទេសកំណត់គោលដៅពន្ធថ្មីរបស់អាមេរិកនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ពី "សាមគ្គីភាពពេញលេញ" ជាមួយប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន ព្រមទាំងព្រមានថា សកម្មភាពរបស់អាមេរិក ប្រឈមនឹងហានិភ័យនៃការបែកបាក់ទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប។ សេចក្តីថ្លែងការណ៍បានបន្តថា មេដឹកប្រទេសអឺរ៉ុបទាំង 8 នេះ "ប្តេជ្ញារក្សាអធិបតេយ្យភាព" និងត្រៀមខ្លួនសម្រាប់ការសន្ទនាដោយផ្អែកលើគោលការណ៍នៃ "អធិបតេយ្យភាព និងបូរណភាពទឹកដី"។ គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅ លោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធ 10% លើទំនិញទាំងអស់មកពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ ដោយចាប់ផ្តើមនៅថ្ងៃទី 1 ខែកុម្ភៈខាងមុខ និងគំរាមថា អត្រាពន្ធ នឹងកើនឡើងដល់ 25% នៅថ្ងៃទី 1 ខែមិថុនា ហើយនឹងបន្តរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចសម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញកោះ ហ្រ្គីនលេន នេះ។
