រាប់ទុកថាជាដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើប ស្របពេលដែលប្រ៊េនសម្លៀកបំពាក់ដែលបង្កើតឡើងដោយកូនខ្មែរ Almee Couture បានប្រកាសប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ពីការត្រៀមខ្លួនចូលរួមនៅក្នុងកម្មវិធីមហោស្រពលំដាប់ពិភពលោក CANNES FILM FESTIVAL លើកទី ៧៩ នៅឯប្រទេសបារាំង។ 

បើតាមការឱ្យដឹងបន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ម៉ាកយីហោសម្លៀកបំពាក់នេះបានរៀបរាប់ថា ប្រ៊េន Almee Couture នឹងជ្រើសយក Concept ដែលមានឈ្មោះថា « Spirit of the Forgotten» ដែលជាខូឡិកហ្សិន និទាឃរដូវ ឬ រដូវក្តៅ ឆ្នាំ ២០២៦ ទៅតាំងបង្ហាញនៅក្នុង showroom ជាលក្ខណៈឯកជន ក្នុងទីក្រុងកាន ដែលជាកន្លែងប្រជុំទៅដោយការច្នៃម៉ូដបែបប្រណីតលំដាប់ខ្ពស់ និងសិល្បៈសហសម័យ។

ការបង្ហាញវត្តមាននៅក្នុងកម្មវិធីលំដាប់ពិភពលោកនៅក្នុងប្រទេសបារាំងនាលើកនេះ នឹងធ្វើឱ្យម៉ាកយីហោកូនខ្មែរខាងលើ មានភាពស្មើមុខស្មើមាត់ជាមួយម៉ាកយីហោលំដាប់ថ្នាក់ពិភពលោកផ្សេងទៀត ក៏ព្រោះតែប្រ៊េនមួយនេះបាននិងកំពុងឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការច្នៃប្រឌិតដ៏មានភាពប៉ិនប្រសប់ ជាមួយភាពល្អឥតខ្ចោះផងដែរ។ 

ម្យ៉ាងវិញទៀត កញ្ញា Sokhong Taing ដែលជាស្ថាបនិក Almee Couture ធ្លាប់បានដឹកនាំបវរកញ្ញា និងតារាម៉ូឌែលខ្មែរជាច្រើនរូប ទៅបង្ហាញខូឡិកហ្សិនថ្មីរបស់ខ្លួន នៅក្នុងកម្មវិធីដើរបង្ហាញម៉ូតអន្តរជាតិជាបន្តបន្ទាប់ ដូចជា New York Fashion Week 2025 នៅឯសហរដ្ឋអាមេរិក និង Sanya Bridal Fashion Week 2025 នៅប្រទេសចិនជាដើម។

យ៉ាងណាមិញ សាធារណជនបាននិងកំពុងរង់ចាំយ៉ាងអន្ទះសារ នូវការបើកបង្ហាញថា តើតារាណាខ្លះមានសំណាងបានស្លៀកឈុតដ៏ប្រណីត ដែលជាការច្នៃឡើងដោយ ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ Almee Couture នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ Cannes លើកទី ៧៩ នេះ ខណៈពេលដែលកម្មវិធីខាងលើ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ២៣ ខែឧសភា ឆ្នាំ ២០២៦៕