អត្ដពលិកគុនចម្រុះកម្ពុជា ចូលរួម AMMA ដើម្បីប្រជែងកៅអីទៅព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាក្នុងសាល ឆ្នាំ២០២៦

Sports • January 09, 2026
 អត្ដពលិកគុនចម្រុះកម្ពុជា ចូលរួម AMMA ដើម្បីប្រជែងកៅអីទៅព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាក្នុងសាល ឆ្នាំ២០២៦

អត្ដពលិកគុនចម្រុះកម្ពុជា ត្រូវការដណ្ដើមមេដាយ ឲ្យបានក្នុងព្រឹត្តិការណ៍ AMMA ដែលធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ មករា ឆ្នាំ២០២៦។ ការឈ្នះមេដាយក្នុង.    ព្រឹត្តិការណ៍នេះ មានន័យថាអត្ដពលិកកម្ពុជា បានឆ្លងកាត់វគ្គជម្រុះ ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦។ ក្រៅពីនេះ ការប្រកួតក្នុងព្រឹត្តិការណ៍ AMMA ក៏ជាការដណ្ដើមកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុន លើកទី៦ ដែលប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២៦នេះ ផងដែរ។

ក្នុងចំណោមអត្ដពលិក៥នាក់ ដែលសហព័ន្ធគុនចម្រុះបញ្ជូនទៅនោះ កីឡាការិនី ខៀវ ចិន្ដារ័ត្ន គឺជាម្ចាស់មេដាយមាស AMMA ខណៈកីឡាករ ផេង សុបញ្ញា ម្ចាស់មេដាយសំរឹទ្ធ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤។    ចំណែកកីឡាការិនី ៣រូបផ្សេងទៀត កីឡាការិនី គន្ធវណ្ណ នីតា, កីឡាការិនី ម៉ាប់ សុខហួយ និងកីឡាការិនី ចេង ដាលីន សុទ្ធតែជាអត្ដពលិកគុនចម្រុះឆ្នើម និងមានសមត្ថភាព ដែលសហព័ន្ធគុនចម្រុះកម្ពុជា ជ្រើសរើសទៅប្រកួតតំណាងជាតិ។






x Enlarged Image