យោងតាមការចុះផ្សាយរបស់សារព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា លោកស្រី អេនជេលីណា ជូលី (Angelina Jolie) កំពុងត្រៀមខ្លួនសម្រាប់ជីវិតថ្មី ស្របពេលដែលផ្ទះរបស់លោកស្រី ស្ថិតនៅទីក្រុងឡូសអាន់ជឺឡេស ត្រូវបានដាក់លក់ និងកំពុងមានគម្រោងផ្លាស់ទីលំនៅពីសហរដ្ឋអាមេរិកទៅតំបន់ផ្សេងមួយទៀត ដោយក្នុងនោះ ប្រទេសកម្ពុជា គឺជាគោលដៅសំខាន់មួយរបស់លោកស្រី។
ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី People ដែលបានដកស្រង់ចេញពីប្រភពជិតស្និទ្ធបានឱ្យដឹងថា ផ្ទះដែល លោកស្រី អេនជេលីណា ជូលី (Angelina Jolie) កំពុងដាក់លក់នេះ គឺជាផ្ទះដែលលោកស្រីបានទិញបន្តពីអ្នកដឹកនាំភាពយន្ត និងផលិតករភាពយន្តជនជាតិអាមេរិក លោក សេស៊ីល ប៊ី. ដឺមីល (Cecil B. DeMille) នៅឆ្នាំ២០១៧ ក្នុងតម្លៃជាង ២៤,៥ លានដុល្លារអាមេរិក។
ការចុះផ្សាយផ្សេងទៀតក៏បានឱ្យដឹងផងដែរថា លោកស្រី អេនជេលីណា ជូលី (Angelina Jolie) មានគម្រោងផ្លាស់ទីលំនៅទៅរស់នៅក្រៅប្រទេសរួចរាល់ហើយ ប៉ុន្តែបន្ទាប់ពីបានលែងលះជាមួយ ប៊្រេដ ភីត (Brad Pitt) ដែលជាអតីតស្វាមី លោកស្រីត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាអាណាព្យាបាល ដើម្បីមើលថែកូនស្របច្បាប់ រហូតពួកគេមានអាយុគ្រប់ ១៨ ទើបមានសិទ្ធពេញលេញក្នុងការផ្លាស់ទៅរស់នៅក្រៅប្រទេសបាន។ ក្នុងនោះលោកស្រីមានបំណងបែងចែកពេលវេលារស់នៅរវាងអឺរ៉ុប និងប្រទេសកម្ពុជា ជាប្រទេសដែលលោកស្រីសញ្ជាតិខ្មែរស្រាប់ និងជាប្រទេសដែលលោកស្រីស្រឡាញ់ខ្លាំងបំផុត។
ដ្បិតថាមានព័ត៌មានចចាមអារ៉ាមយ៉ាងនេះក្តី លោកស្រីក៏នៅតែបន្តគ្រប់គ្រងអាជីវកម្មម៉ូដរបស់លោកស្រីដូចដើម គឺ អាតេលីយឺ ជូលី (Atelier Jolie) នៅទីក្រុងញូវយ៉ក។ ស្របពេលជាមួយគ្នានេះ ក៏មានប្រភពជិតស្និទ្ធនឹងតារាហូលីវូដរូបនេះ បានបង្ហើបដែរថា លោកស្រីតែងតែ ព្យាយាមគេចចេញពីភាពអ៊ូអរទៅទីកន្លែងស្ងប់ស្ងាត់ ហើយសម្រាប់ការចាកចេញពីអាមេរិកទៅរស់នៅទីកន្លែងផ្សេង វាអាចជាមធ្យោបាយដ៏ល្អមួយ ដើម្បីឱ្យលោកស្រីមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាកផងដែរ៕
