ភ្នំពេញ៖ 

ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ត្រូវបានអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ"ក.ប.ប."ប្រកាសដក ហូត ត្រឡប់មកវិញ។

តាមសេចក្តីជូនដំណឹងពាក់ព័ន្ធនិងការដកហូតត្រលប់មកវិញ   អគ្គនាយកដ្ឋានកិច្ចការពារ អ្នកប្រើប្រាស់និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយស សូមជម្រាបជូនពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាជ្រាបថា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុន ទទួលសិទ្ធិ ផ្តាច់មុខលក់និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រ កម្ពុជា បានជូនដំណឹងថាអាចមានវត្តមាន TOXIN(ថក់ស៊ីន) ឈ្មោះ Cereulide (សេរូលីដ) នៅក្នុង? ផលិតផល ទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ ប្រភេទ ដែលកំពុងចរាចរលើ ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖

១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g (៨រយក្រាម) មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027)

២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027)

៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)។

ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម៖

ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទ ខាងលើ ។

ចំពោះមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គ នាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបានព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីប្តូរ យកផលិតផលថ្មី ៕