កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ ផលិតកម្ម YG Entertainment បានប្រកាសថា ក្រុមចម្រៀងនារីកូរ៉េ BABYMONSTER បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចុចតាមដាននៅលើ YouTube រហូតដល់ទៅ ១១ លាននាក់។

ភាពជោគជ័យនេះ រាប់ទុកថា ជាកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ក៏ព្រោះតែពួកគេប្រើរយៈពេលត្រឹមតែ ១ ឆ្នាំ ៩ ខែប៉ុណ្ណោះ រាប់ចាប់តាំងពី Debut ជាផ្លូវការ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។

ក្រៅពីកំណត់ត្រាខាងលើ ក្រុមចម្រៀងនារីនេះគឺជាក្រុមទី ៣ របស់វិស័យ K-Pop ផងដែរ ដែលត្រូវបានគេកត់ត្រាទុកក្នុងប្រវត្ថិសាស្ត្រ ស្របពេលដែលមានអ្នកតាមដានច្រើនយ៉ាងឆាប់រហ័សបែបនេះ បន្ទាប់ពីក្រុម BLACKPINK និង TWICE។

សូមរំលឹកដែរថា BABYMONSTER គឺជាក្រុមចម្រៀងនារីកូរ៉េថ្មីចុងក្រោយបំផុតរបស់ផលិតកម្ម YG Entertainment បន្ទាប់ពីក្រុម BLACKPINK ដែលមានសមាជិក ៧ នាក់ រួមមាន រូកា (Ruka), ផារីតា (Pharita), អាសា (Asa), អាយ៉ុន (Ahyeon), រ៉ាមី (Rami), រូរ៉ា (Rora) និង ឈីគីតា (Chiquita)។ ក្រុមនេះបានបំបែកកំណត់ត្រា និងដណ្តើមបានពានរង្វាន់ជាបន្តបន្ទាប់ ក្រោយពេលបង្ហាញខ្លួនក្នុង Mini Album ដំបូងរបស់ពួកគេដែលមានឈ្មោះថា BABYMONSTER ។ ក្នុងនោះបទ «SHEESH» ដែលបានចេញកាលពីឆ្នាំ ២០២៤ បានធ្វើឱ្យប្រជាប្រិយភាពរបស់ពួកគេ ស្ទុះឡើងមិនគួរឱ្យជឿថែមទៀតផង៕