កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ផលិតកម្ម YG Entertainment បានបង្ហើបឱ្យដឹងថា ក្រុមចម្រៀងនារីកូរ៉េ BLACKPINK កំពុងត្រៀមខ្លួនវិលត្រលប់មកវិញសារជាថ្មី ជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៣ ដែលមានឈ្មោះថា «DEADLINE»។

ផលិតកម្ម YG Entertainment បានបញ្ជាក់ថា ដំណាក់កាលសំខាន់ៗនៃការផលិតអាល់ប៊ុម រួមទាំងការថតវីដេអូចម្រៀង ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយខណៈពេលនេះពួកគេកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការត្រៀមខ្លួនសម្រាប់ការបញ្ចេញអាល់ប៊ុមចម្រៀងនេះតែប៉ុណ្ណោះ។ ផលិតកម្មនេះបានបន្តថា៖ «យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានរង់ចាំពួកគេអស់រយៈពេលជាយូរមកហើយ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីតបស្នងសេចក្តីស្រឡាញ់របស់អ្នក ជាមួយនឹងតន្ត្រីដែលមានគុណភាពខ្ពស់ ហើយយើងក៏សង្ឃឹមដែរថា អ្នករាល់គ្នានឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិលត្រលប់មកវិញនេះ»។

សូមបញ្ជាក់ថា BLACKPINK បាននិងកំពុងបន្តបេសកកម្មផ្សេងទៀត ជាពិសេសការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេផ្ទាល់តែម្តង។ ក្នុងនោះពួកគេនឹងធ្វើការសម្តែងនៅ        Tokyo Dome ក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៦-១៨ ខែមករា និងនៅពហុកីឡដ្ឋាន Kai Tak ក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី ២៤-២៦ ខែមករា។ ក្រៅពីនេះ BLACKPINK ក៏បានបង្កើត   តំណត់ត្រាថ្មីក្នុងវិស័យ K-Pop ផងដែរ ដោយបទចម្រៀងរបស់ពួកគេដែលមានចំណងជើងថា «JUMP» ដែលបានចេញផ្សាយកាលពីប៉ុន្មានខែមុននេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ដោយជោគជ័យនៅលើតារាង Billboard Global 200។ នេះរាប់ទុកថា ជាលើកទីបីហើយដែល BLACKPINK ក្តោបបានតំណែងកំពូលក្នុងតារាងចម្រៀងខាងលើ ហើយពួកគេក៏ជាក្រុមនារី  K-Pop ដំបូង និងតែមួយគត់ ដែលអាចបំបែកកំណត់ត្រានេះ៕