កណ្តាល៖
គ្រោះថ្នាក់ចរាចរណ៌ហាក់មិនថមថយសោះ ដូចជាកាលពីវេលាម៉ោង១៨និង១៧នាទី ថ្ងៃទី២០ខែមករាឆ្នាំ២០២៦ មានម៉ូតូចំនួន០៣គ្រឿងនិងរថយន្ត០១គ្រឿង បានបុកបន្តគ្នា រួចបន្តទៅបុកអ្នកថ្មើរជើងម្នាក់បន្ថែមទៀត បណ្តាលឲ្យមានអ្នករងរបួសធ្ងន់-ស្រាលចំនួន០៥នាក់ បញ្ជូនទៅមន្ទីរពេទ្យ និង ខូចខាតម៉ូតូធ្ងន់០៣គ្រឿង និងរថយន្តស្រាល០១គ្រឿង នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21A ក្នុងភូមិសិត្បូ សង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា៖នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1LC-6044 បើកបរដោយឈ្មោះ សុខ ធន់ ភេទប្រុស អាយុ ២៣ឆ្នាំ និងមានអ្នករួមដំណើរជាមួយ ឈ្មោះ មាន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ បើកបរមានទិសដៅពីត្បូង ទៅ ជើង។
លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាក HONDA BEAT ពណ៌ស ពាក់ស្លាកលេខកណ្ដាល1AT-9084 អ្នកបើកបរមានឈ្មោះ អេង បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ បើកបរម៉ូតូមានទិសដៅពីជើង ទៅ ត្បូង (ផ្ទុយទិសទិសគ្នា) បណ្ដាលឲ្យម៉ូតូម៉ាកHONDA DREAM ដួលមកលើទ្រូងផ្លូវ ។ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-7637 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តមានទិសដៅពីត្បូងទៅជើង ក៏បានទៅបុកពីក្រោយម៉ូតូម៉ាក HONDA DREAM បណ្ដាលអោយអ្នកបើកបរម៉ូតូHONDA DREAM រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល។ ចំណែកអ្នកបើកបរម៉ូតូម៉ាក HONDA BEAT រងរបួសធ្ងន់ អ្នកទាំងបីនាក់ ត្រូវបានរថយន្តសង្គ្រោះសង្កាត់សិត្បូ ដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកជ័យជំនះ ។
លុះក្រោយពេលកើតហេតុបន្តិច ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1AB-0483 បើកបរដោយឈ្មោះសុខ រ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុង សង្កាត់សិត្បូ ក្រុងតាខ្មៅ បើកបរម៉ូតូមានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏បានទៅបុកពីក្រោយរថយន្តTOYOTA PRIUS និងជ្រុលទៅបុកអ្នកថ្មើរជើងម្នាក់ទៀតឈ្មោះ ណាំ សួ ភេទប្រុស អាយុ៦៦ឆ្នាំ ជាប្រជាការពារសង្កាត់សិត្បូ នៅកន្លែងដដែល បណ្ដាលអោយរងរបួសស្រាល ទាំង០២នាក់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយសមត្ថកិច្ចជំនាញចុះអន្តរាគមន៌និងពិនិត្យវាស់រួច បានយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តន៌តាមនិតិវិធី៕
