ភ្នំពេញ៖ 

រថយន្តធុនធ្ងន់និងដឹកទំនិញសំពីងសំពោងរាប់សិបគ្រឿង ដែលល្មើសច្បាប់ ចូលក្នុងរាជធានីភ្នំពេញមុនម៉ោងអនុញ្ញាត ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃស្នងការ ស្ថាននគបាលរាជធានីភ្នំពេញ ចុះចាប់និងឃាត់យកមកប្រមូលផ្ដុំគ្នាចតត្រៀបត្រា នៅតាមដងផ្លូវឌីប៉ូ ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   

ការឃាត់រថយន្តដឹកទំនិញសំពីងសំពោងនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញបានបើកយុទ្ធនាការចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់អ្នកបើកបររថយន្តធុន ធ្ងន់ទាំងនោះ ហាមចូលរាជធានីភ្នំពេញនៅពេលថ្ងៃអស់រយៈពេលប្រមាណជិត៣ខែកន្លងមកហើយ។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទោះបីជាមានការអប់រំអស់ជាច្រើនខែ តែម្ចាស់យាន្តនិងបណ្តាក្រុមហ៊ុនមួយចំនួន នៅតែបណ្តោយឲ្យរថយន្តដឹក ជញ្ជូនធុនធំរបស់ខ្លួន ធ្វើលំហូរចរាចរចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោង អនុញ្ញាតយ៉ាងច្រើនដដែល ។ 

ស្នងការដ្ឋាននគរបាររាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានបន្តចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការចាប់ឃាត់រាល់រថយន្តធុនធំទាំងឡាយ ដែលនៅតែបន្តល្មើសបើកបរចូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនម៉ោងពេលអនុញ្ញាត ពោលមុនម៉ោង២១យប់ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ។ 

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានធ្វើបទបង្ហាញឲ្យដឹងថារថយន្តដែលសមត្ថកិច្ចឃាត់នោះសុទ្ធតែមានឡូហ្គោនិងសុទ្ធតែឡានម្ចាស់ដដែលៗដែលសមត្ថកិច្ចធ្លាប់ធ្វើកិច្ចសន្យា ហើយរថយន្តខ្លះ  ទំរាំយក ពីច្រមុះជ្រូកស្ទឹងមានជ័យមកបាន អស់រយៈពេលប្រមាណ១ម៉ោង ដោយចាំម្ចាស់ឡូហ្គោ និងមេការមក។ 

លោកស្នងការរង ក្នុងនាមនគរបាលចរាចរណ៍ ក៏បានអំពាវនាវ ម្តងហើយម្តងទៀត ដល់បងប្អូននិងក្រុមហ៊ុនមានធំសូមកុំ ចូលរាជធានីភ្នំពេញខុសម៉ោងខុសពេលទៀត ព្រោះយើង បានធ្វើការណែនាំអប់រំអស់រយះពេលជិត៣ខែហើយ។ ម្យ៉ាងទៀត ការចរាចរណ៍ពេលថ្ងៃ បង្កគ្រោះថ្នាក់ខ្លាំងណាស់ សង្ឃឹមថា ម្ចាស់រថយន្តនិងម្ចាស់ក្រុមហ៊ុនណែនាំដល់អ្នកបើកបរ បញ្ឈប់ចូលក្រុងនៅពេលថ្ងៃតទៅទៀត ហើយ សមត្ថកិច្ចនឹងបន្តអប់រំតទៅទៀត៕