កំពត៖ 

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បានកើតឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៦ នៅលើទឹកដីក្រុងបូកគោ ខណៈដែលគេបានឃើញហ្វូងជនបរទេស ជាច្រើននាក់ បាននាំគ្នារត់ចេញពីកាស៊ីណូមួយកន្លែង ដែលមានទីតាំងស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុយោងតាមប្រភពព័ត៌មានបឋមពីកម្មករដែល បម្រើ ការងារ នៅទីតាំងនោះ បានបង្ហើបឱ្យដឹងថា ជនបរទេសទាំងនោះ គឺជាបុគ្គលិកដែលធ្វើការ ឱ្យផ្នែក «ល្បែងស៊ីសងអនឡាញ» (Online Game)។ ការនាំគ្នារត់ចេញទាំងស្លន់ស្លោនេះ ត្រូវបានគេសង្ស័យថា ជាការព្យាយាមគេចខ្លួនពីការ រឹតបន្តឹង ឬការចុះត្រួតពិនិត្យណាមួយ បន្ទាប់ពីមានសញ្ញាណនៃ ការបង្ក្រាបបទល្មើស ល្បែងស៊ីសងអនឡាញខុសច្បាប់។

ហេតុការណ៍នេះបានកើតឡើង ស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងអនឡាញខុសច្បាប់នៅទូទាំងប្រទេស។ ការប្រកាសអាសន្ននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងលុបបំបាត់រាល់អាជីវកម្មដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីចំនួនជនបរទេសពិតប្រាកដ ឬអត្តសញ្ញាណនៃកាស៊ីណូនោះនៅឡើយទេ។ ទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការទៅតាម នីតិវិធីច្បាប់ចំពោះទីតាំងណាដែលលួចលាក់បង្កប់នូវល្បែងអនឡាញដែលរាជរដ្ឋាភិបាលបានហាមឃាត់។

សូមបញ្ជាក់ផងដែរថា ល្បែងស៊ីសងអនឡាញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេច បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណតាំងពីឆ្នាំ ២០១៩ និងបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ ដែលត្រូវបង្ក្រាបឱ្យខានតែបាន៕