កណ្តាល៖ 

មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ  កាលពីវេលាម៉ោង១៨និង២២នាទី ព្រលប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០២៥ នៅចំណុច លើកំណាត់ផ្លូវជាតិលេខ 21 ស្ថិតក្នុងភូមិវត្តកណ្តាល ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។ 

 ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់អោយដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយ គ្រឿង ម៉ាក HONDA SCOOY  ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1BD-7894 បើកបរ ដោយឈ្មោះ រដ្ឋា  ភេទស្រី អាយុ៣៦ឆ្នាំ(រងរបួសធ្ងន់)  មុខរបរមេផ្ទះ មានទីលំនៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល  បើកបរក្នុងទិសដៅពីត្បូង ទៅជើង (មិនពាក់មួកសុវត្ថិភាព) រួមដំណើរដោយកូនស្រី អាយុ០៧ឆ្នាំមុខរបរ សិស្ស (រងរបួសស្រាល) ។ 

ពេលបើកបរមកដល់ចំណុច កើតហេតុ ក៏បានបត់ឆ្វេង ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក់ Honda Dream C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ អេង គីម ហាក់ ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួសធ្ងន់ឈាមហូរជោកមុខសន្លប់ស្តូកស្តឹង) មុខរបរកសិករ មានទីលំនៅភូមិកូនជ្រែ ឃុំព្រៃអំបិល ស្រុកស្អាងខេត្តកណ្ដាល  បើកបរក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន ហើយក៏បានបុកម៉ូតូខាងមុខ ដែលកំពុងបត់ឆ្វេង  បណ្ដាលឲ្យមានអ្នក រងរបួសធ្ងន់ស្រាលទាំងសងខាង ទាំង០៣នាក់  ហើយត្រូវបានក្រុមគ្រួសារដឹក យកទៅព្យាបាលរបួសរៀងៗខ្លួន  ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ វាស់វែងនិងបានយកមធ្យាបាយ ធ្វើដំណើរទាំងសង្ខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាង សំណុំរឿងទៅតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ឋានបឋមថាករណីនេះគឺបណ្ដាលមកពី អ្នកបើកបរម៉ូតូ HONDA SCOOPY បើកបរមានការធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវអោយ បានច្បាស់លាស់ មុននឹងធ្វើការបត់ឆ្វេងទើបបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនែកអ្នកបើកបរម៉ូតូម៉ាក Honda Dream C125 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ៕