ភ្នំពេញ៖ 

យុវជន៤នាក់ ត្រូវបានក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតនិងមួក បានចូលទៅកាប់និងដេញវាយ រួចកាប់ម៉ូតូខូចខាតអស់ចំនួន៤គ្រឿង ហើយ នាំគ្នាជិះគេចខ្លួន បាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៥៦២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពីយុវជនរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ ខ្លួនរួមទាំងមិត្តភក្កិ ៣នាក់ ទៀត បានជិះម៉ូតូម្នាក់មួយ ចំនួន៤គ្រឿង ជិះចេញពីធ្វើការ ហើយ នាំគ្នាមកអង្គុយលេង ហ្គែម នៅចំណុចផ្លូវ៥៦២។ មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយកាំបិតនិងមួកសុវត្ថិភាព ចូលមកដេញវាយជនរងគ្រោះ រួចកាប់ម៉ូតូ បណ្តាលឲ្យខូចខាតចំនួន៤គ្រឿង បន្ទាប់មក ក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល តែសំណាងល្អមិនមានប៉ះពាល់ដល់មនុស្ស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីសមត្ថកិច្ចធ្វើការសាវជ្រាវរកមុខជនបង្កដើម្បី យកមក ចាត់ការតាមផ្លូវច្បាប់៕