កណ្តាល៖ 

ស្ត្រីរងគ្រោះដែលជាម្តាយមានផ្ទៃពោះ០៨ខែ  បានរងរបួសធ្ងន់ បែករហែកសាច់ភ្លៅខាងស្តាំ ចំនែកកូនកូនប្រុសតូច រងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខណ:តៃកុងរថយន្តប្រភេទក្រឡុកបេតុង ត្រូវបានឃាត់ខ្លួន ក្រោយបើកបរបុកម៉ូតូស្រ្តីរងគ្រោះពីក្រោយ  ដោយហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង០២នាទីថ្ងៃទី១២ខែមករាឆ្នាំ២០២៦ នៅចំណុច ភ្លើងស្តុប A9 នៅលើផ្លូវជាតិលេខ21 កែងផ្លូវផ្លូវលេខ 115 ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្ត ឈ្មោះ ប៉ែន រក្សា ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការត្រួតពិនិត្យជាតិស្រវឹង លទ្ធផល គ្មានជាតិអាល់កុល បើកបររថយន្តម៉ាកHOWO ប្រភេទក្រឡុកបេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-2342 បើករថយន្តតាមផ្លូវលេខ115 មានទិសដៅពីកើតទៅលិច។ ពេលបើកមកដល់កន្លែងកើតហេតុ(ភ្លើងស្តុបដំណើរការពណ៌បៃតង) ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CV-4846 បើកបរដោយស្ត្រី ឈ្មោះ សាំង វ៉ាលីន អាយុ ៣១ឆ្នាំ(មានផ្ទៃពោះចំនួន០៨ខែ)ពាក់មួកសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ ដាច់រហែកសាច់ភ្លៅខាងស្តាំនិងមានកូនប្រុសតូច រួមដំណើរជាមួយឈ្មោះ យ៉ន វីរៈ អាយុ ០៤ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្ត កណ្ដាល បើកបរម៉ូតូមានទិសដៅពីកើតទៅលិច (ស្របទិសគ្នា) ធ្វើឲ្យស្ត្រីរងគ្រោះនិងកូន ដួលចូលក្រោមកង់មុខរថយន្តខាងស្ដាំ កិនចំជើងខាងស្ដាំស្ត្រីរងគ្រោះ បណ្តាលឲ្យដាច់រហែកសាច់ភ្លៅ ត្រូវរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

ចំពោះមធ្យោបាយពាក់ព័ន្ធ (ម៉ូតូ និងរថយន្តរងការខូចខាតស្រាល) ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថាចំពោះមូលហេតុ គ្រោះថ្នាក់ចរាចរណ៍នេះ  គឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលអោយបុកម៉ូតូពីក្រោយ៕