កាលពីពេលថ្មីៗនេះ តារាចម្រៀងជួរមុខ ទេព បូព្រឹក្ស បានបង្ហោះសំណេរដ៏រំភើបនៅលើបណ្តាញសង្គម ដោយបានឱ្យដឹងថា នាងនឹងរៀបចំកម្មវិធីសហសម័យមួយ ដែលមានឈ្មោះថា «ខ្លឹមនៃព្រះនគរ»។ ការដែលបង្កើតកម្មវិធីនេះឡើងមក ក៏ដោយសារតែ ទេព បូព្រឹក្ស មានគោលបំណង ដើម្បីរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិ ជាសញ្ញាមួយនៃការកសាងអត្តសញ្ញាណជាតិ ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ តារាចម្រៀងរូបនេះ ក៏បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បីជាចលនាវប្បធម៌ជាតិនិយមដ៏អស្ចារ្យមួយ ក្នុងស្មារតីជាចង្កឹះមួយបាច់ ក៏ដូចជាការលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបង្ការពីការលួចចម្លងទាំងប្រាសាទ និងវប្បធម៌ ពីប្រទេសជិតខាង ក្រោមពាក្យស្លោក «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ បូព្រឹក្ស ក៏បានបញ្ជាក់ឱ្យដឹងទៀតថា កម្មវិធី «ខ្លឹមនៃព្រះនគរ» នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ។ ក្នុងនោះថវិកាដែលទទួលបានពីការសំបុត្រ នឹងប្រគល់ជូនទៅកាន់មូលនិធិសប្បុរសធម៌ទាំងស្រុង ដើម្បីជួយដល់វីរកងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានផងដែរ។

សូមបញ្ជាក់ដែរថា តារាចម្រៀង ទេព បូព្រឹក្ស ធ្លាប់បាននាំយកទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរជាច្រើនទម្រង់ ទៅសម្តែងនៅលើឆាកតន្ត្រី Round Festival ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ ស្របពេលដែលបទ «ទេវរាជ» មានភាពជោគជ័យខ្លាំង បន្ទាប់ពីវីដេអូចម្រៀងនេះត្រូវបានរៀបចំពិធីសម្ភោធយ៉ាងធំសម្បើម កាលពីអំឡុងឆ្នាំ ២០២៤។ មិនតែប៉ុណ្ណោះ ទេព បូព្រឹក្ស ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ៨,០០០,០០០រៀល និងទឹកប្រាក់ដែលបានពីការលក់សំបុត្រពីពិធីសម្ភោធវីដេអូចម្រៀង «ទេវរាជ» ចំនួន ៧៣,៤៥២,០០០ រៀល ទៅកាន់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីផ្គត់ផ្គង់ទៅលើការបណ្តុះបណ្តាលសិល្បៈវប្បធម៌៕