កាលពីថ្ងៃចន្ទ ទី12 ខែមករា តុលាការយុត្តិធម៌អន្តរជាតិបានចាប់ផ្តើមសវនាការ លើសំណុំរឿងដ៏សំខាន់មួយ ដែលបានចោទប្រកាន់របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិភាគតិចមូស្លីមរបស់ខ្លួន គឺជនជាតិរ៉ូហ៊ីងយ៉ា។ បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថា យុទ្ធនាការយោធាឆ្នាំ 2017 ដោយរបបយោធាមីយ៉ាន់ម៉ា ដែលបានបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាចំនួន 73 ម៉ឺននាក់ ទៅកាន់ប្រទេសបង់ក្លាដែសនោះ រួមមាន «សកម្មភាពប្រល័យពូជសាសន៍» ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបដិសេធការលើកឡើងនេះ ថា «មានភាពលំអៀង និងមានចំណុចខ្វះខាត» និងថា ការបង្ក្រាបរបស់ខ្លួន គឺមានកំណត់គោលដៅលើក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ដែលបើកការវាយប្រហារលើរដ្ឋាភិបាលតែប៉ុណ្ណោះ។
