ភ្នំពេញ៖
រថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ធុនធ្ងន់ដឹកសាច់បង្កកមួយគ្រឿងបានបើកបោះពួយទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតដឹកអង្ករកំពុងឈប់ចតនៅលើដងផ្លូវ បណ្ដាលឲ្យរថយន្តដឹកសាច់បង្កក ខ្ទេចមួយកំណើតមុខ បង្កឲ្យអ្នកបើកបរនិងរួមដំណើរ រងរបួសចំនួនបីនាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៦នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះខាងលិចផ្សារបោះដុំអាស៊ាន-អន្តរជាតិ ហៅ ផ្សារដើមគរថ្មីនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ភ្លាមៗ គេពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមសាក្សី បានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ហ៊ី យ៉ាន់ដាយពណ៌ស ដឹកសាច់បង្កកមួយគ្រឿងពាក់ស្លាកលេខត្បូងឃ្មុំ៣A ៣៤៨៧ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្តដឹកអង្ករម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងពាក់ស្លាកលេខបន្ទាយមានជ័យ ៣A.១៨៥៩ដែលកំពុងឈប់ចតនៅលើដងផ្លូវ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះគឺរថយន្តដឹកសាច់បង្កក បានបុករថយន្តដឹកអង្គរពេញទំហឹង ហើយ បណ្ដាលឲ្យអង្គរហូរចេញមកក្រៅ ហើយ រថយន្តដឹកសាច់ខ្ទេចកាប៊ីន បណ្ដាលឲ្យអ្នកបើកបរនិងព្រូរថយន្ត រងរបួសធ្ងន់ស្រាលចំនួន៣នាក់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុ ហើយ ទាក់ទងទៅនគរបាលចរាចរណ៍ចុះទៅវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយសងការខូចខាត៕
