ភ្នំពេញ៖
ក្រសួងធម្មការនិងសាសនាបានហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សា ឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា។
តាមសេចក្តីណែនាំស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ បានអោយដឹងថា នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌សង្គម ធ្វើឱ្យពុទ្ធចក្រ និង អាណាចក្រ ធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈាន ឆ្ពោះទៅរកភាពសម្បូររុងរឿង សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ជាពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយមរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កន្លងមក រាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ក្នុងគោលបំណង ទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហ សាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យស្របទៅនឹងគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការ ណែនាំ ដូចខាងក្រោម៖
១- ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជា មុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សា ធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ។
២- ការចរាចរណ៍សត្វទេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវ ហ្មត់ចត់ ជៀសវាងការចង ខ្សែព្យួរ ដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាព បង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូរបស់ សង្គម។
៣- ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរតាមដងផ្លូវ ត្រូវមាន ការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់ និងបិទបាំង ឬ ដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញ ពីហិង្សាធម៌។
ក្រសួងធម្មការនិងសាសនា សង្ឃឹមនិងជឿជាក់ថា ក្រោយពីទទួលបានសេចក្តីណែនាំ ខាងលើនេះ អ្នកធ្វើអាជីវកម្មពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងសហការអនុវត្តឱ្យ បានល្អប្រសើរ៕
