មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បានប្រកាសថា កោះតៃវ៉ាន់ ប្តេជ្ញាការពារអធិបតេយ្យភាព និងជំរុញវិស័យការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងការពង្រីកខ្លួនកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ថ្លែងក្នុងសុន្ទរកថាឆ្នាំថ្មី លោក ឡៃ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ កំពុងតាមដានមើលថាតើប្រជាជនតៃវ៉ាន់ មានការតាំងចិត្តការពារខ្លួនឯង ឬអត់ ហើយឆ្នាំ 2026 នេះ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់កោះតៃវ៉ាន់។ ការលើកឡើងរបស់មេដឹកនាំកោះតៃវ៉ាន់រូបនេះ ធ្វើឡើង ពីរថ្ងៃបន្ទាប់ពីការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ប្រទេសចិន ដែលមានឈ្មោះ "បេសកកម្មយុត្តិធម៌ ឆ្នាំ 2025" ជាមួយនឹងការដាក់ពង្រាយកងទ័ពចម្រុះ គ្រឿងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ពទ្ធ័ជុំវិញកោះតៃវ៉ាន់ និងការបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ឆ្ពោះទៅកាន់កោះនេះ ដែលទាក់ទាញការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
