ក្រសួងដឹកជញ្ជូនរបស់ប្រទេសរុស្ស៊ីបានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីនៅសមុទ្រអាត្លង់ទិកខាងជើង ដោយនិយាយថាគ្មានប្រទេសណាមួយ មានសិទ្ធិប្រើកម្លាំងប្រឆាំងនឹងនាវាដែលកំពុងប្រតិបត្តិការនៅលើសមុទ្រ ក្រោមយុត្តាធិការរបស់រដ្ឋផ្សេងទៀតឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ 1982 ពីសេរីភាពនៃការធ្វើនាវាចរណ៍ គ្មានរដ្ឋណាមួយមានសិទ្ធិប្រើកម្លាំងប្រឆាំងនឹងនាវាដែលកំពុងប្រតិបត្តិការនៅក្នុងយុត្តាធិការរបស់រដ្ឋផ្សេងទៀតបានឡើយ។ ភ្លាមៗនោះ រុស្ស៊ី បានបញ្ជូននាវាមុជទឹកមួយគ្រឿង និងកងកម្លាំងជើងទឹកផ្សេងទៀតទៅកាន់នាវាដឹកប្រេងនោះ តែយ៉ាងណាមិញ កងកម្លាំងអាមេរិក បានរឹបអូស និងបញ្ជូននាវាដឹកប្រេងនេះ ទៅកាន់ដែនទឹករវាងប្រទេសអ៊ីស្លង់ និងចក្រភពអង់គ្លេស មុនពេលនៃការមករបស់កងនាវាយោធារុស្ស៊ី។ គួរបញ្ជាក់ផងដែរថា យោធាអាមេរិកបានប្រកាសថា ខ្លួនបានរឹបអូសនាវា M/V ប៊ែលឡា (Bella) 1 ជានាវាដឹកប្រេង ដែលបានចុះបញ្ជីថាជានាវារបស់ប្រទេសរុស្ស៊ី ដែលរំពឹងថានឹងដឹកប្រេងរបស់ប្រទេសវេណេស៊ូអេឡា ដែល «រំលោភលើទណ្ឌកម្មរបស់អាមេរិក»។
