ភ្នំពេញ៖ 

កម្មករលាងរថយន្តម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវសហការជាមួយនគរបាលស្រុកកងមាស ឃាត់ខ្លួន បន្ទាប់ពីមានទំនាស់គ្នារឿងចូលបន្ទប់ទឹកមុនក្រោយបង្កហិង្សាទាញកាំបិតប៉័ងតោ កាប់ទៅលើអ្នកលាងរថយន្តដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនទៅស្រុកកំណើត។ 

អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចទីតាំងលាងរថយន្តយីហោ"ប៊្រីលាន"តាម ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនោះឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង។ 

តាមនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវសហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកកងមាសឃាត់ខ្លួនកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នៅចំណុច ភូមិតំណាក់ជ្រៃ ភូមិពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ 

តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នារងចំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ ស្រាប់តែជនសង្ស័យមកក្រោយគេ បានចូលងូតទឹកមុនក៏បង្កឱ្យទាស់សម្តីគ្នា។ បន្ទាប់ពីងូតទឹករួច ជនសង្ស័យបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេកហើយបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត ជនសង្ស័យខឹងក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោមកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរងទទួលដឹកនាំផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងបន្តស្រាវជ្រាវ ហើយ ឈានទៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកកងមាស ឃាត់ខ្លួនបានជនសង្ស័យដល់ស្រុកកំណើតព្រមទាំងដកហូតវត្ថុតាងកំបិតបុ័ងតោដងដែក ០១ផងដែរ៕