យោងតាមប្រភពពីមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងអាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដើម្បីពង្រីកសមត្ថភាពក្នុងការការពារកងកម្លាំងអាមេរិក ឬអាចចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នាវាផ្ទុកយន្តហោះ យូអែសអែស អាប្រាហាម លីនខន និងនាវាពិឃាតមីស៊ីលជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោមការបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នាវាចម្បាំងទាំងនេះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ បន្ទាប់ពីផ្ទុះឡើងនៃភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងអាមេរិក ជុំវិញការបង្ក្រាបលើក្រុមបាតុករនៅទូទាំងប្រទេសអ៊ីរ៉ង់។ លោក Trump បានគំរាមម្តងហើយម្តងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់ បន្តសម្លាប់ក្រុមបាតុករ ប៉ុន្តែការតវ៉ាទូទាំងប្រទេសបានចុះថមថយចាប់តាំងពីពេលនោះមក។ គួរបញ្ជាក់ផងដែរថា បន្ថែមពីលើនាវាផ្ទុកយន្តហោះ និងនាវាចម្បាំង មន្ទីរបញ្ចកោណក៏កំពុងចល័តយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ។
