ដូចដែលមហាជនបានជ្រាបស្រាប់ហើយ ស្រីស្អាត ហុក សារិតុលា ត្រូវបានអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិតែងតាំងជា បវរកញ្ញាអន្តរទ្វីបកម្ពុជា ឆ្នាំ២០២៥ បន្ទាប់ពីទទួលតំណែងជាលំដាប់រងទី២ ពីកម្មវិធី Miss Supranational Cambodia 2025។ យ៉ាងណាមិញ ក្រោយទទួលបានតំណែងទៅតំណាងឱ្យប្រទេសនៅលើឆាកអន្តរជាតិ មានមហាជនជាច្រើនបានចាប់អារម្មណ៍ លើការតំណាងប្រទេសរបស់ស្រីស្អាតរូបនេះជាខ្លាំង ក៏ព្រោះតែគេសង្កេតឃើញថា តុលា មិនត្រឹមតែមានរូបសម្បត្តិស័ក្តិសមជាបវរកញ្ញានោះទេ បើក្រឡេកទៅមើលចំណេះផ្សេងៗ បវរកញ្ញារូបនេះគឺពិតជាស័ក្តិសមតំណាងប្រទេសខ្លាំង។
ដ្បិតថា តុលា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងនេះក្តី ប៉ុន្តែនាងហាក់បង្ហាញអារម្មណ៍ខកបំណង ខណៈពេលដែលការប្រកួតនៅក្នុងកម្មវិធី Miss Intercontinental 2025 នឹងមកដល់នាពេលខាងមុខនេះ ប៉ុន្តែទិដ្ឋាការសម្រាប់ការចាកចេញទៅប្រកួតនៅមិនទាន់ទទួលបាននោះទេ។ ក្នុងនោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់ ហុក សារិតុលា ផ្ទាល់ នាងបានបង្ហោះសំណេរខ្លីមួយ រៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃស្អែកត្រូវដល់ថ្ងៃឡើងយន្តហោះទៅប្រកួតហើយ តែឆ្នាំនេះប្រហែលជាមិនដឹងថាអាចមានវត្តមានកម្ពុជាក្នុងកម្មវិធីឬអត់ទេ»។ តុលាបន្តទៀតថា «ខ្ញុំជឿជាក់លើការខំប្រឹង ទោះមិនអាចចេញជាលទ្ធផលនៅថ្ងៃនេះឬថ្ងៃស្អែក ប៉ុន្តែខ្ញុំជឿជាក់ថាវានឹងចេញជាលទ្ធផលល្អនៅក្នុងថ្ងៃណាមួយ»។
ក្រោយបង្ហោះសំណេរនេះរួចភ្លាម បវរកញ្ញារូបនេះ ត្រូវបានត្រូវបានមហាជនអ្នកគាំទ្រ ផ្តល់ការលើកទឹកចិត្តយ៉ាងច្រើនលើសលប់ផងដែរ ហើយពួកគេសង្ឃឹមថា កញ្ញា ហុក សារិតុលា នឹងមានឱកាសបានចេញទៅតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតសម្រស់ដែល ស្រីស្អាត ហុក សារិតុលា ត្រៀមនឹងទៅតំណាងឱ្យកម្ពុជា មានឈ្មោះថា Miss Intercontinental ដែលការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអេហ្ស៊ីប៕
