រដ្ឋាភិបាលប្រទេសស៊ូដង់ខាងត្បូង បានជំរុញឲ្យកងកម្លាំងប្រឆាំង បញ្ឈប់ការប្រយុទ្ធគ្នា ដោយព្រមានថាការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅក្នុងរដ្ឋជុងឡៃ ដែលបណ្តាលឲ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់រួចទៅហើយនោះ ប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ 2018 ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល 5 ឆ្នាំនោះ។ យោងតាមអង្គការសហប្រជាជាតិ ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមយុទ្ធជនដែលស្មោះត្រង់នឹងកងទ័ពរំដោះប្រជាជនស៊ូដង់ កំពុងផ្ទុះឡើងក្នុងទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ 2017។ យោធាប្រទេសស៊ូដង់ខាងត្បូង បានប្រកាសឲ្យជនស៊ីវិល និងបុគ្គលិកទាំងអស់មកពីបេសកកម្មអង្គការសហប្រជាជាតិ និងអង្គការសប្បុរសធម៌ផ្សេងទៀត ភៀសខ្លួនចេញពីតំបន់ មុនពេលដែលកងកម្លាំងរដ្ឋាភិបាល បើកប្រតិបត្តិការបង្រ្កាបលើកងកម្លាំងប្រឆាំង។ យោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មានមនុស្ស 18 ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅរួចហើយ ដោយសារការប្រយុទ្ធគ្នា ខណៈដែលសង្គ្រាមស៊ីវិលឆ្នាំ 2013-2018 បានឆក់យកជីវិតមនុស្សប្រមាណ 40 ម៉ឺននាក់។
