ភ្នំពេញ៖
អ្នកជំនួញដ៏ល្បាញល្បីរបស់ចិនមានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី ត្រូវបានសមត្ថកិច្ចរបស់កម្ពុជាចាប់ខ្លួនរួចបញ្ជូនខ្លួនទៅកាន់ប្រទេសចិន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃទី៧ខែមករាឆ្នាំ២០២៥បានអោយដឹងថាក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនចំនួន៣នាក់ រួមមាន៖ ឈ្មោះ Chen Zhi (ចេនហ្ស៊ី), ឈ្មោះ Xu Ji Liang (ស៊ូ ជី ឡាំង) និងឈ្មោះ Shao Ji Hui (សៅ ជី ហួយ) បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនថា ឈ្មោះ Chen Zhi (ចេនហ្ស៊ី) ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។
គួរបញ្ជាក់ថា អ្នកឧកញ៉ា ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ហើយកំពុងបោះទុនវិនិយោគលើគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា៕
