លោកប្រធានាធិបតីប្រទេសគុយបា ឌីអាស ខាណែល និងរដ្ឋមន្ត្រីការបរទេស លោក ប៊្រូណូ រូឌ្រីហ្គែស បានប្រកាសការពារអធិបតេយ្យភាពរបស់ប្រទេស និងសិទ្ធិនាំចូលប្រេងរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលថា ប្រេង ឬប្រាក់របស់ប្រទេសវេណេស៊ូអេឡា នឹងលែងត្រូវបញ្ជូនទៅកាន់ប្រទេសគុយបាទៀតហើយ និងបានណែនាំឲ្យប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។ ជាការឆ្លើយតប លោកប្រធានាធិបតី ឌីអាស ខាណែល បានបដិសេធការគំរាមរបស់លោកប្រធានាធិបតី ត្រាំ នេះ ដោយថា អាមេរិក គ្មានសិទ្ធិបង្ខំឲ្យប្រទេសគុយបា ដែលជាប្រទេស ឯករាជ្យ អធិបតេយ្យភាព ធ្វើកិច្ចព្រមព្រៀងនោះទេ ប្រទេសគុយបា មិនបានបើកការវាយប្រហារលើអាមេរិកនោះទេ តែអាមេរិកទេដែលវាយប្រហារគុយបាកាលពី 66 ឆ្នាំមុន គុយបា មិនទទួលយកការគំរាមកំហែងជាដាច់ខាត ហើយគុយបាត្រៀមខ្លួនរួចរាល់ ដើម្បីការពារមាតុភូមិរហូតដល់ដំណក់ឈាមចុងក្រោយ»។គួរបញ្ជាក់ផងដែរថា ប្រទេសវេណេស៊ូអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ប្រទេសគុយបា ប៉ុន្តែចាប់តាំងពីប្រតិបត្តិយោធារបស់អាមេរិក និងការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរូ មក គ្មាននាវាដឹកទំនិញណាមួយ បានចាកចេញពីកំពង់ផែរបស់ប្រទេសនេះនោះទេ។
